Ephesians 6

1ក្មេងរាល់គ្នា​អើយ! ​ចូរ​ស្ដាប់បង្គាប់ឪពុកម្ដាយ​របស់​ខ្លួនក្នុងព្រះអម្ចាស់ដ្បិត​ធ្វើ​ដូច្នេះ​ទើប​ត្រឹមត្រូវ 2ចូរគោរពឪពុកម្ដាយ​របស់​ខ្លួននេះជាបញ្ញត្ដិទីមួយ​ដែល​មាន​សេចក្ដី​សន្យា​ជាប់​មក​ជាមួយ​ផង 3ដើម្បីឲ្យ​អ្នកបាន​សេចក្ដី​សុខហើយមាន​អាយុ​វែងនៅលើផែនដី​នេះ។ 4ឪពុករាល់គ្នា​អើយ! ​ចូរ​កុំ​រករឿង​ធ្វើ​ឲ្យ​កូន​របស់​ខ្លួនខឹងឡើយផ្ទុយទៅវិញ​ចូរ​ចិញ្ចឹមកូនទៅតាម​ការ​អប់រំនិង​ការ​ដាស់តឿន​របស់​ព្រះអម្ចាស់ 5បាវបម្រើ​រាល់គ្នា​អើយ! ​ចូរ​ស្ដាប់បង្គាប់ចៅហ្វាយខាងសាច់ឈាមដោយ​ការ​កោតខ្លាចនិងញាប់ញ័រ​ទាំង​មាន​ចិត្ដស្មោះត្រង់ដូចជា​ស្ដាប់​បង្គាប់​ព្រះ​គ្រិស្ដ 6មិនមែនបម្រើ​តែក្នុងកាល​ដែល​គេ​មើលឃើញដូចជាចង់​ផ្គាប់ចិត្ត​មនុស្សឡើយផ្ទុយទៅវិញ​ចូរ​បម្រើ​ដូច​ជាបាវបម្រើ​របស់​ព្រះ​គ្រិស្ដ​ដោយ​ធ្វើតាមបំណង​របស់​ព្រះជាម្ចាស់​អស់​ពីចិត្ត 7គឺបម្រើដោយស្ម័គ្រចិត្តដូចជា​បម្រើ​ព្រះអម្ចាស់មិនមែន​ដូចជា​បម្រើ​មនុស្សឡើយ 8ទាំងដឹងថា​ការ​ល្អអ្វីក៏ដោយ​ដែល​ម្នាក់ៗធ្វើទោះជាបាវបម្រើក្ដីអ្នកមានសេរីភាព​ក្ដី​ពួកគេ​នឹង​ទទួលបាន​ការល្អ​នោះ​វិញ​ពីព្រះអម្ចាស់ 9ចៅហ្វាយរាល់គ្នា​អើយ! ​ចូរ​ប្រព្រឹត្តចំពោះបាវបម្រើដូច្នោះ​ដែរ​ទាំង​ឈប់គំរាមកំហែង​ដោយ​ដឹងថាចៅហ្វាយពួកគេ​ដែល​គង់នៅស្ថានសួគ៌​ក៏​ជា​ចៅហ្វាយ​របស់​អ្នករាល់គ្នាដែរហើយព្រះអង្គមិនមាន​សេចក្ដី​លំអៀងឡើយ 10ទីបញ្ចប់នេះ​ចូរ​មាន​កម្លាំង​ឡើងនៅក្នុងព្រះអម្ចាស់និងនៅក្នុងព្រះចេស្ដា​ដ៏​ខ្លាំងពូកែ​របស់​ព្រះអង្គ 11ចូរពាក់​គ្រប់​គ្រឿងសឹក​របស់​ព្រះជាម្ចាស់ដើម្បី​ឲ្យ​អ្នករាល់គ្នាអាចឈរ​ទាស់​នឹងល្បិចប៉ិនប្រសប់របស់អារក្សសាតាំងបាន 12ដ្បិតយើងមិនមែនតយុទ្ធទាស់នឹងសាច់ឈាមទេគឺ​យើង​តយុទ្ធ​ទាស់នឹងការគ្រប់គ្រងសិទ្ធិអំណាច​និង​ការ​ត្រួតត្រា​ទាំងឡាយ​របស់​សេចក្ដីងងឹត​នៅ​លោកិយ​នេះ​ព្រមទាំង​ទាស់នឹង​ពួក​វិញ្ញាណនៃ​សេចក្ដី​អាក្រក់នៅស្ថានសួគ៌ 13ហេតុនេះចូរ​អ្នករាល់គ្នា​យក​គ្រប់​គ្រឿងសឹក​របស់​ព្រះជាម្ចាស់ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាចតទល់បាននៅថ្ងៃ​ដ៏​អាក្រក់​នោះ​រួចឈរ​បាន​ក្រោយ​ពី​តទល់សព្វគ្រប់​ហើយ។ 14ដូច្នេះចូរ​ឈរ​ដោយ​ក្រវាត់សេចក្ដីពិតនៅ​នឹង​ចង្កេះ​របស់​អ្នករាល់គ្នាហើយពាក់​សេចក្ដី​សុចរិត​ជា​អាវក្រោះ 15ទាំងពាក់​សេចក្ដី​ប្រុងប្រៀប​នៃ​ដំណឹងល្អអំពី​សេចក្ដី​សុខសាន្តនៅនឹងជើង 16ជាមួយនឹង​សេចក្ដី​ទាំងអស់នេះ​ចូរ​យកជំនឿ​ជា​ខែល​ដែល​អ្នករាល់គ្នា​អាចពន្លត់គ្រាប់ព្រួញភ្លើងទាំងឡាយរបស់អារក្សសាតាំងបានដោយសារខែលនោះ 17ហើយចូរ​យក​សេចក្ដី​សង្គ្រោះ​ជា​មួក​និង​យក​ដាវរបស់​ព្រះ​វិញ្ញាណដែលជាព្រះបន្ទូល​របស់​ព្រះជាម្ចាស់ 18ទាំងអធិស្ឋាននៅក្នុង​ព្រះ​វិញ្ញាណគ្រប់ពេលវេលាដោយការអធិស្ឋាននិងពាក្យទូលអង្វរគ្រប់បែបយ៉ាងហើយសម្រាប់ការនេះឯង​ចូរ​ប្រុងស្មារតីដោយ​សេចក្ដី​ព្យាយាមគ្រប់បែបយ៉ាងនិង​ដោយ​ការ​ទូលអង្វរសម្រាប់ពួកបរិសុទ្ធទាំងអស់ 19ហើយសម្រាប់ខ្ញុំ​ផង​គឺ​សូម​ព្រះអង្គ​ប្រទានពាក្យសំដី​ដល់​ខ្ញុំនៅពេល​ដែល​ខ្ញុំ​និយាយ​ដើម្បី​ឲ្យ​ខ្ញុំ​ប្រាប់​គេ​ឲ្យ​ដឹងអំពីអាថ៌កំបាំងនៃដំណឹងល្អដោយ​សេចក្ដី​ក្លាហាន 20ដែលខ្ញុំ​ជា​ទូតជាប់ច្រវាក់ដោយសារ​ដំណឹងល្អ​នេះ​ហើយ​នៅក្នុង​ការ​ប្រាប់ឲ្យដឹងនេះ​សូម​ឲ្យ​ខ្ញុំ​និយាយ​ដោយ​ក្លាហានតាមដែលខ្ញុំត្រូវនិយាយ 21លោកទីឃីកុស​ជា​បងប្អូន​ជា​ទីស្រលាញ់និង​ជា​អ្នកជំនួយ​ដ៏​ស្មោះត្រង់នៅក្នុងព្រះអម្ចាស់​នឹង​ប្រាប់អ្នករាល់គ្នា​ឲ្យ​ដឹងគ្រប់​ការ​ទាំងអស់ដើម្បី​ឲ្យ​អ្នករាល់គ្នា​ដឹងអំពីខ្ញុំ​គឺ​អ្វីៗដែល​ខ្ញុំ​កំពុង​ធ្វើ 22ខ្ញុំបាន​ចាត់​គាត់​ឲ្យមកអ្នករាល់គ្នាសម្រាប់ការនេះឯង​គឺ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ដឹងអំពីយើងនិង​ដើម្បី​កម្សាន្តចិត្តអ្នករាល់គ្នា 23សូមឲ្យ​បងប្អូន​មាន​សេចក្ដី​សុខសាន្ត​សេចក្ដី​ស្រលាញ់ព្រមទាំងជំនឿពីព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតានិងព្រះអម្ចាស់យេស៊ូគ្រិស្ដ 24សូមឲ្យ​អស់អ្នកដែលស្រលាញ់ព្រះអម្ចាស់​ព្រះ​យេស៊ូគ្រិស្ដ​នៃ​យើងដោយ​សេចក្ដី​ស្រលាញ់​ដែល​មិនសាបសូន្យ​បាន​ប្រកប​ដោយ​ព្រះ​គុណ​៕
Copyright information for KhmKCB